ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អញ្ជើញចូលរួមជាអធិបតីក្នុងឱកាសបើកសិក្ខាសាលាថ្នាក់ជាតិ ផ្ទៀងផ្ទាត់លទ្ធផលនៃការរៀបចំរបាយការណ៍សកល នៃការឆ្លើយតបទៅនឹងមេរោគអេដស៍និងជំងឺអេដស៍របស់កម្ពុជា

នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៥ នៅសណ្ឋាគារសាន់វ៉េ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អញ្ជើញចូលរួមជាអធិបតីក្នុងឱកាសបើកសិក្ខាសាលាថ្នាក់ជាតិផ្ទៀងផ្ទាត់លទ្ធផលនៃការរៀបចំរបាយការណ៍សកលនៃការឆ្លើយតបទៅ នឹងមេរោគអេដស៍និងជំងឺអេដស៍របស់កម្ពុជា។
អញ្ជើញចូលរូមជាភ្ញៀវកិត្តិយសក្នុងឱកាសបើកសិក្ខាសាលានោះមាន៖ លោកស្រី Marie-Odile Emond នាយកអង្គការ UNAIDS ប្រចាំប្រទេសកម្ពុជាតំណាងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា តំណាងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា តំណាងអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ដៃគូរអភិវឌ្ឍ និង សង្គមស៊ីវិល ។
ឯកឧត្តមទេសរដ្ឋមន្ត្រីប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានរំលឹកជូនអង្គសិក្ខា សាលាជ្រាបថា ការផ្ទៀងផ្ទាត់លទ្ធផលនៃការរៀបចំរបាយការណ៍សកលនៃការឆ្លើយតបទៅ នឹងមេរោគអេដស៍និងជំងឺអេដស៍នៅក្នុងប្រទេសកម្ពុជាថ្ងៃនេះ គឺផ្តោតលើការតាមដានការ ឆ្លើយតប និង វាស់វែងវឌ្ឍនភាពធៀបនឹងគោលដៅ។ ដូចនេះយើងនឹងត្រូវពិភាក្សា លើសូច នាករដែលទាក់ទងនឹងការឆ្លើយតបទៅនឹងមេរោគអេដស៍និងជំងឺអេដស៍។ ជាមួយលទ្ធភាព និងកំរិតធនធាន និង គោលដៅវត្ថុបំណងដែលបានកំណត់ ។ យើងទាំងអស់គ្នាពិគ្រោះ ពិភាក្សាផ្ទៀងផ្ទាត់សូចនាករទាក់ទងនៃកម្មវិធីក្នុងដែនគោលនយោបាយលទ្ធភាព ធនធាន មនុស្ស និង ហិរញ្ញវត្ថុដែលមានដោយសំឡេងតែមួយ។
ការធ្វើរបាយការណ៍អំពីវឌ្ឍនភាពនៃការឆ្លើយតបទៅនឹងមេរោគអេដស៍ជំងឺអេដស៍ជូន អង្គការសហប្រជាជាតិនេះគឺ មានសារៈប្រយោជន៍ទាំងការឆ្លើយតបទៅនឹងមេរោគអេដស៍ និង ជំងឺអេដស៍ កំរិតសកលលោក តំបន់ ក៏ដូចជាកំរិតប្រទេសកម្ពុជាយើងផ្ទាល់ ដើម្បីពិនិត្យ មើលលទ្ធផលនៃការអនុវត្តន៍កម្មវិធីអេដស៍របស់យើងដើម្បីឲ្យបានដឹងថា យើងស្ថិតនៅក្នុង ស្ថានភាពបែបណា និងត្រូវបង្កើនការឆ្លើយតបយ៉ាងដូចម្តេច ក្នុងករណីដែលយើងមិនសំរេច បានទៅតាមផែនការនោះ ។
ប្រទេសកម្ពុជាយើងបានប្តេជ្ញាបញ្ចប់ការចំលងថ្មីនៅក្នុងឆ្នាំ២០២០ដែលជាការសំរេចចិត្ត ប្រកបដោយភាពក្លាហានព្រោះថាយើងឈានលឿនជាងពិភពលោក១០ឆ្នាំ ដោយសកល លោកទាំងមូលនឹងបញ្ចប់ការចំលងថ្មីនៅក្នុងឆ្នាំ២០៣០។
គួរបញ្ជាក់ជូនថា ប្រទេសកម្ពុជាយើងកំពុងស្ថិតក្នុងស្ថានភាពដែលថវិកាជំនួយត្រូវបានកាត់បន្ថយជាបន្តបន្ទាប់ ក្រោមហេតុផល២យ៉ាងគឺ៖ ប្រទេសកម្ពុជាជាប្រទេសដែលមានអត្រា ផ្ទុកមេរោគអេដស៍ក្នុងចំណោមប្រជាជនទូទៅទាបជាង១% និង ម៉្យាងទៀតកម្ពុជាមានកំណើន សេដ្ឋកិច្ចឬផលិតផលសរុបក្នុងស្រុកកើនឡើងជាលំដាប់ ហើយនឹងឈានចេញពីភាពក្រីក្រជា បណ្តើរៗ ។ ទាំងនេះជាមូលហេតុដែលថវិកាជំនួយពីក្រៅប្រទេសសំរាប់អនុវត្តកម្មវិធីអេដស៍ ត្រូវបានកាត់បន្ថយថវិកាជាបណ្តើរៗផងដែរ ។ ស្ថិតក្នុងស្ថានភាពបែបនេះ រាជរដ្ឋាភិបាល កម្ពុជាជាក់ស្តែងបានទទួលបន្ទុកផ្គត់ផ្គង់ថវិកាជាតិចំនួន៣,៧លានដុល្លា សំរាប់ឆ្នាំ២០១៥ដល់ ឆ្នាំ២០១៧ ក្នុងការរួមចំណែកក្នុងការទិញឱសថប្រឆាំងមេរោគអេដស៍ជាបដិភាគរបស់រាជរដ្ឋា ភិបាលបន្ថែមលើមូលនិធិសាកល ។
ឆ្លៀតឱកាសទោះដែរឯកឧត្តមបានអំពាវនាវដល់ផ្នែកពាក់ព័ន្ធទាំងអស់ជួយពង្រឹងយន្តការ ជាតិតែមួយ សំរាប់ការត្រួតពិនិត្យនិងឆ្លើយតបទៅនឹងមេរោគអេដស៍និងក្នុងប្រទេសកម្ពុជា។ ក្នុងន័យនេះគ្រប់ស្ថាប័នរដ្ឋនិងដៃគូរអភិវឌ្ឍន៍ដែលពាក់ព័ន្ធគួរធ្វើការរួមគ្នាជំរុញអោយមានការ គាំទ្រ និង ផ្តល់ទិន្នន័យសម្រាប់បញ្ចូលទៅក្នុងរបាយការណ៍នេះ ប្រកបដោយគុណភាពខ្ពស់ និងឱ្យបានគ្រប់ជ្រុងជ្រោយ ។
ជាទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តីបានប្រកាសបើកអង្គសិក្ខាសាលានិងបានថ្លែងអំណរ គុណចំពោះការអញ្ជើញចូលរួមរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ទាំងអស់ និង បានប្រសិទ្ធពរជូនសមាជិក សមាជិការនៃអង្គសិក្ខាសាលាជួបតែសិរីមង្គល វិបុលសុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ៕
ឯកសារសម្រាប់ទាញយក