ឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងលោកជំទាវ អញ្ជើញចូលរួមក្នុងពិធីសូត្រមន្ត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរឆ្នាំថ្មីប្រពៃណីជាតិ

កាលពីរសៀលថ្ងៃទី១០មេសា ឆ្នាំ២០១៥ ឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរ ជាតិប្រយុទ្ធនឹងជំងឺអេដស៍និងលោកជំទាវ ឯកឧត្តម លោកជំទាវ អនុប្រធាន ទីប្រឹក្សា ដែលជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ បាននិមន្តព្រះសង្ឃដើម្បីសូត្រមន្តបួងសួងសុំសេចក្តីសុខគ្រប់ប្រការក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមែសប្តស័ក ព.ស២៥៥៩ព្រះនាម រាក្យសាទេវី ដែលនឹងចូលមកដល់តាម ទំនៀមទំលាប់ប្រពៃណីជាតិ ។ ជារៀងរាល់ឆ្នាំអាជ្ញាធរជាតិតែងតែរៀបចំពិធីសូត្រមន្តចំរើនព្រះបរិត្តនិង ប្រគេនទ័យទានដល់ព្រះសង្ឃទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនានិងទំនៀមទម្លាប់ខ្មែរពីបុរាណនៅ មុនពេលពិធីបុណ្យចូលឆ្នាំមកដល់ ដើម្បីឧទ្ទិសមគ្គផលកុសលផលបុណ្យជូនដល់ព្រះវិញ្ញាណក្ខន្ធអតីត ព្រះមហាក្សត្យ ព្រះមហាកត្រយានី បុព្វការីជនមានមាតាបិតាជីដូនជីតានិងញាតិការទាំង៧សន្តានព្រមទាំងវីរៈយុទ្ធជនយុទ្ធនារីអ្នកស្នេហាជាតិទាំងអស់ និងបងប្អូនជនដែលបានធ្វើមរណកាលទៅកាន់ លោកខាងមុខក្នុងបុព្វហេតុជាតិទឹកដីដោយសាររបបប្រល័យពូជសាសន៍ ប៉ុល ពត និង បងប្អូនជនរង គ្រោះដែលបានស្លាប់ដោយសារជំងឺអេដស៍សូមឲ្យទទួលបាននូវសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយនេះឯកឧត្តមទេសរដ្ឋមន្រ្តី និង មន្ត្រីរាជការទាំងអស់ក៏បានបួងសួងដល់វត្ថុស័ក្កសិទ្ធក្នុង លោកមានទេវតារក្សាឆ្នាំថ្មីឆ្នាំមមែជាដើមនោះសូមជួយប្រោះព្រំសិរីសួស្តីជ័យមង្គលព្រះជន្មយឺនយូរឈ្នះអស់ព្រះរោគារទាំងឡាយថ្វាយដល់ព្រះមហាក្សត្រសម្តេចម៉ែ ជីវិតតម្កល់លើត្បូងជាទីសក្ការៈនិងបួងសួងសុំសេចក្តីសុខគ្រប់ប្រការ ជូនសម្តេចថ្នាក់ដឹកនាំស្ថាប័នទាំងបី ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ ពីកូនចៅទាំងអស់។