ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី អញ្ជើញជាអធិបតីបើកកិច្ចប្រជុំធំពិគ្រោះយោបល់របស់ គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិ (CCC) ប្រជាជនដែលទទួលរងផលប៉ះពាល់សំខាន់ៗ (KAP) ប្រជាជនផ្ទុកជំងឺ (PLWD)- អង្គការអេហ្វប៊ីអូ (FBO) ដើម្បីការពង្រឹងភាពជាតំណាង និងយន្តការផ្តល់មតិ

កាលពីព្រឹកថ្ងៃទី៣០ខែមេសាឆ្នាំ២០១៥នៅសណ្ឋាគារភ្នំពេញ ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍និងជាប្រធានគណៈកម្មាធិការសំរបសំរួលមូលនិធិសកលប្រចាំកម្ពុជា អញ្ជើញជាអធិបតីបើកកិច្ចប្រជុំធំពិគ្រោះ យោបល់របស់គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិ (CCC) ជាមួយប្រជាជនដែលទទួលរងផល ប៉ះពាល់ជាងគេ (KAP) - ប្រជាជនផ្ទុកជំងឺ (PLWD) - អង្គការអេហ្វប៊ីអូ (FBO) ដើម្បីការពង្រឹងភាពជា តំណាង និង យន្តការផ្តល់មតិ។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់នាពេលនេះមាន អ្នកតំណាងសហគមន៍និង អ្នក សំរបសំរួលកណ្តាលនៃប្រជាជនដែលរងការប៉ះពាល់ជាងគេនិងអ្នកដែលរស់នៅជាមួយជំងឺទាំងបីគឺ៖ជំងឺអេដស៍របេងគ្រុនចាញ់។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានរំលឹកថាការចូលរួមយ៉ាងសកម្មក្នុងឋានៈជាតំណាងរបស់បងប្អូន ក្នុងដំណើរការនិងយន្តការនានាកន្លងមកត្រូវបានទទួលស្គាល់ជាវិជ្ជមានពីមូលនិធិសកលនិងពីគណៈកម្មាធិការសំរបសំរួលមូលនិធិសកលប្រចាំកម្ពុជា។
កិច្ចប្រជុំបានលើកឡើងជាលំអិតអំពីបច្ចុប្បន្នភាពទាំងឡាយនៃដំណើរការនិង សេចក្តីសំរេច ចិត្តដែលគណៈកម្មាធិការសំរបសំរួលមូលនិធិសកល (CCC) បានធ្វើឡើងជាពិសេសលទ្ធផលតប ទៅនឹងឯកសារបង្ហាញទស្សនៈ(Concept note) ដែលកម្ពុជាបានដាក់ជូនទៅមូលនិធិសកលសំរាប់ គំរោងកម្មវិធីប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍របេងគ្រុនចាញ់និង គំរោងកម្មវិធីពង្រឹងប្រព័ន្ធសុខាភិបាល។
តាមរយៈការចូលរួមចំណែក និង ពាក់ព័ន្ធរបស់អ្នកចូលរួមកិច្ចប្រជុំនេះ ទោះជាការហិរញ្ញប្បទានពីមូលនិធិត្រូវបានកាត់បន្ថយខ្លះក៏ដោយក៏កម្មវិធីជាតិនៅតែអាចសំរេចបានជោគជ័យនិង ទទួលបាននូវលទ្ធផលកាន់តែទូលំទូលាយមានអាទិភាពត្រឹមត្រូវតាមការកំណត់ហើយ កម្មវិធីជាតិនឹងបន្តដោះស្រាយបញ្ហារបស់សហគមន៍ដើម្បីអោយការអនុវត្តន៍កម្មវិធីកាន់តែមាន ប្រសិទ្ធភាពនិងភាពប្រទាក់ក្រឡាគ្នាឡើង។
ក្នុងអង្គប្រជុំពិគ្រោះយោបល់នេះលេខាធិការដ្ឋានគណៈកម្មាធិការសំរបសំរួលមូលនិធិ សកលប្រចាំកម្ពុជានឹងរាយការណ៍យ៉ាងលំអិតអំពីស្ថានភាពនៃលទ្ធផលក្នុងការដាក់ជូនឯកសារ បង្ហាញទស្សនៈទៅស្នាក់ការកណ្តាលរបស់មូលនិធិសកលនៅទីក្រុងហ្សឺណែវ ។ រីឯកម្មវិធីជាតិ នឹងបង្ហាញជាលំអិតនូវសេវាកម្មផ្សេងៗ ដែលមានបម្រុងទុកសំរាប់ផ្តល់ជូនអ្នកជំងឺក្នុងស្ថានភាពសុខ ភាពគ្រប់កំរិតព្រមទាំងពន្យល់អំពីសេវាទាំងឡាយដែលពួកគេត្រូវទទួលហើយដែលត្រូវបានឧបត្ថម្ភ ដោយមូលនិធិសកល។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកទឹកចិត្តឲ្យអ្នកចូលរួមយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់ និង លើកឡើងនូវសំណួរផ្តល់យោបល់ត្រឡប់វិញជូនអង្គប្រជុំនូវបទពិសោធន៍និង បញ្ហាប្រឈមដែល ពួកគេបានជួបប្រទះ នៅពេលទទួលបានសេវាឬមានការងឿងឆ្ងល់។ នេះជាឱកាសមួយសំរាប់សហគមន៍បន្តជួយឲ្យមានការរៀបចំចងក្រងគំរោងកម្មវិធីនិង ជួយបន្តពង្រឹងគំរោងកម្មវិធីដើម្បីកាត់បន្ថយ ការឆ្លងមេរោគអេដស៍ រោគរបេងនិង គ្រុនចាញ់ ។
តាមរយៈការពិគ្រោះយោបល់គ្នានេះ អ្នកតំណាងសហគមន៍នឹងធ្វើការពិភាក្សារកវិធីបន្តភាព ជាតំណាងឲ្យមានប្រសិទ្ធភាព និង ធ្វើឲ្យយន្តការប្រព័ន្ធផ្តល់ពត៌មានត្រឡប់មកវិញមួយមាននិរន្តរភាព ជាមួយគណៈកម្មាធិការសំរបសំរួលមូលនិធិសកលប្រចាំប្រទេសនិង ជាមួយកម្មវិធីជាតិក្នុងរយៈ៣ឫ៤ឆ្នាំនៃការអនុវត្តគំរោងកម្មវិធី ។ ជាមួយនោះត្រូវធ្វើឲ្យមានការចូលរួមសហការគ្នារបស់សហគមន៍ស្របតាមតំរូវការចាំបាច់របស់ទំរង់ផ្តល់ហិរញ្ញប្បទានថ្មី (New funding model) ដែលកម្ពុជាបានអនុវត្ត តាមយ៉ាងសកម្ម ហើយដែលនឹងត្រូវទទួលការវាយតំលៃក្នុងពេលដ៏ខ្លីខាងមុខនេះ។
ឯកសារសម្រាប់ទាញយក