ឯកឧត្តម តែង គន្ធី អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អញ្ជើញជាអធិបតីផ្ទេរភារកិច្ចប្រធាននាយកដ្ឋានផែនការ តាមដាន វាយតំលៃ និងស្រាវជ្រាវ

នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ នៅទីស្នាក់ការកណ្តាលអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍មានរៀបចំពីធីផ្ទេរតំណែងប្រធាននាយកដ្ឋានផែនការ តាមដានវាយតំលៃនិង ស្រាវជ្រាវ ក្រោមអធិបតីភាព ឯកឧត្តម តែង គន្ធី អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍តំណាង ដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍។ ដោយមានការតែងតាំងពីសំណាក់ សម្តេចនាយករដ្ឋមន្រ្តី ប្រមុខរាជ រដ្ឋាភិបាល លោកស្រី ងិន លីណា ប្រធាននាយកដ្ឋានផែនការ តាមដាន វាយតំលៃ និងស្រាវ ជ្រាវ នៃលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ត្រូវបានផ្ទេរភារកិច្ចទៅបំរើការនៅក្រសួងបរិស្ថាន ដោយត្រូវបានតែងតាំងលោកវេជ្ជបណ្ឌិត រស់ សីលវ៉ាត់ ជាប្រធាននាយកដ្ឋាន បន្ថែមលើតួរនាទីបច្ចុប្បន្នជំនួសលោកស្រី ងិន លីណា ដែលត្រូវផ្លាស់ទៅទទួលភារកិច្ចថ្មី។
បន្ទាប់ពីលោក ឈឹម ឃិនដារ៉េត អគ្គលេខាធិការងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអានអនុក្រិត្យរាជរដ្ឋាភិបាល លេខ៤៩៥ អនក្រ.តត ចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ ២០១៥ ស្តីពីការតែងតាំងមន្រ្តីរាជការ លោកស្រី ងិន លីណា បានធ្វើរបាយការណ៍សង្ខេបនូវសមិទ្ធផលដែលនាយកដ្ឋាន ផែនការតាមដានវាយតំលៃនិងស្រាវជ្រាវ ក្នុងនាមជាសេនាធិការបច្ចេកទេសរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍សំរេចបាននិងចូលរួមចំណែកក្នុង រយៈកាលកន្លងមក ក្នុងការសំរបសំរួលតាក់តែងគោលនយោបាយជាតិ ធ្វើផែនការយុទ្ធសាស្រ្តជាតិដឹកនាំការធ្វើផែនការ ផែនការបីឆ្នាំរំកិល ផែនការប្រចាំឆ្នាំ ចងក្រងរបាយការណ៍ ជូនថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាល អង្គការសហប្រជាជាតិ និង រួមចំណែកធ្វើកិច្ចសហការជាមួយស្ថាប័នជាតិផ្សេងៗទៀត អង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍទ្វេភាគី ពហុភាគី អង្គការ ក្រៅរដ្ឋាភិបាល សង្គមស៊ីវិលនានា ដើម្បីអោយការឆ្លើយតបអន្តរវិស័យទៅនឹងជំងឺអេដស៍ អាចទទួលបានជោគជ័យត្រចះត្រចង់ជាបន្តបន្ទាប់ រហូតកម្ពុជាទទួលបានការទទួលស្គាល់ពីអង្គការសហប្រជាជាតិ សហគមន៍អន្តរជាតិ ម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍នានា។
បន្ទាប់មក លោកវេជ្ជបណ្ឌិត រស់ សីលវ៉ាត់ បានថ្លែងនូវអំណរគុណដែលថ្នាក់ដឹកនាំអាជ្ញាធរជាតិ ជាពិសេស ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិ ដែលបានផ្តល់ទំនុក ចិត្តនិងបានប្រគល់ជូននូវភារកិច្ចបន្ថែម ហើយបានប្តេជ្ញាចិត្តបន្តខិតខំបន្ថែមបំពេញការងារដឹកនាំនាយកដ្ឋានផែនការតាមដាន វាយតំលៃ និងស្រាវជ្រាវ បន្តវេនពីលោកស្រីវេជ្ជបណ្ឌិត ប្រធាននាយកដ្ឋានចាស់អោយបានកាន់តែល្អប្រសើរ ថែមទៀតស្របតាមភារកិច្ចដែលបាន ប្រគល់ជូន។
ឯកឧត្តមអគ្គលេខាធិការ តែង គន្ធី ជំនួសមុខអោយឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ក៏បានកោតសសើរលោកស្រីប្រធាននាយកដ្ឋាន ដែលបានចំណាយកំលាំងកាយចិត្ត ដឹកនាំនាយកដ្ឋាន បំពេញភារកិច្ចជាផ្នែកបច្ចេកទេសដ៏សំខាន់មួយរបស់អគ្គលេខាធិការដ្ឋាន បានល្អនិងជោគជ័យ ដើម្បីជួយថ្នាក់ដឹកនាំអាជ្ញាធរជាតិអាចបំពេញភារកិច្ចសំរបសំរួលកិច្ចការថ្នាក់ជាតិអន្តរវិស័យប្រយុទ្ធនឹងការឆ្លងរាលដាលមេរោគអេដស៍នៅព្រះរាជាណាចក្រកម្ពុជាអោយបានទទួលជោគជ័យនិងមានប្រសិទ្ធភាព ហើយក៏បានជូនពរជូនលោកស្រីប្រធាន ទទួលបានជោគជ័យថ្មីៗក្នុងភារកិច្ចថ្មីនៅក្រសួងបរិស្ថាន។ ឯកឧត្តមអគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក៏បានផ្តាំផ្ញើរលើកទឹកចិត្តនិងជូនពរអោយលោកប្រធាននាយកដ្ឋានថ្មី បំពេញកិច្ចការដែលបានប្រគល់ជូនសំរេចជោគជ័យគ្រប់ភារកិច្ចនិងគ្រប់ពេលវេលា។