ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍អញ្ជើញជាអធិបតី និង សំរបសំរួល កិច្ចប្រជុំពេញអង្គលើកទីមួយរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ឆ្នាំ២០១៥

នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍អញ្ជើញជាអធិបតី និង សំរបសំរួលកិច្ចប្រជុំពេញអង្គលើកទីមួយរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឆ្នាំ២០១៥។
សមាជិក សមាជិការ អញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំនេះ មាន៖ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ជាតំណាង ស្ថាប័ន និង ជាសមាជិក សមាជិកា នៃកិច្ចប្រជុំពេញអង្គ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រធានគណ:កម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ រាជធានី ខេត្ត ថ្នាក់ដឹកនាំ មន្រ្តីនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ តំណាងលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ រាជធានី ខេត្ត និងតំណាងដៃគូអភិវឌ្ឍនិងសង្គមស៊ីវិល។
កិច្ចប្រជុំពេញអង្គរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ គឺជាកិច្ចប្រជុំទៀតទាត់ ២ដងយ៉ាងតិចក្នុងមួយឆ្នាំគឺស្របតាមអនុក្រឹត្យលេខ១០៩ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០០៦ ។
អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ជាស្ថាប័នរាជរដ្ឋាភិបាលមានតួនាទីជាអ្នកដឹក នាំសម្របសម្រួល កសាងគោលនយោបាយ ផែនការយុទ្ធសាស្រ្តជាតិ ណែនាំបង្កលក្ខណៈ និង ពង្រឹងកិច្ចអន្តរាគមន៍អន្តរវិស័យដែលអាចគាំទ្រគ្នាទៅវិញទៅមក ក្នុងទិសដៅស្របគ្នា ដោយសុខដុមនីយកម្មដើម្បីសម្រេចបំណង និង ទិសដៅរួមរបស់យើង ប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាល និង ឆ្លើយតបទៅនឹងជំងឺអេដស៍ ។ អាជ្ញាធរជាតិ សម្របសំរួលផ្តល់លទ្ធភាពលើកទឹកចិត្ត ជំរុញអោយរដ្ឋបាលថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អន្តរវិស័យ ចងក្រងផែន ការសកម្មភាព អនុវត្តសកម្មភាពគំរោងកម្មវិធីរបស់ខ្លួននៅក្នុងដែនសមត្ថកិច្ច និងក្រោមការទទួលខុសត្រូវរបស់ខ្លួន។
គួររំលឹកដែរថា ក្នុងឆ្នាំ២០១៤ នៅព្រះរាជាណាចក្រកម្ពុជាយើងមាន៖
- ករណីស្លាប់ដោយជំងឺពាក់ព័ន្ធនឹងជំងឺអេដស៍ ២៧៨៣នាក់
- ករណីឆ្លងថ្មីចំនួន ៦៩៤ នាក់
- អ្នករស់នៅជាមួយមេរោគអេដស៍ចំនួន ៧២ ៥៤៥ នាក់
- អ្នកដែលកំពុងទទួលសេវាព្យាបាលចំនួន ៥២ ៩០៧ នាក់
ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា បើទោះជាអត្រាអ្នករស់នៅជាមួយមេរោគអេដស៍ បានថយចុះយ៉ាងច្រើនហើយក៏ដោយ អ្នករស់នៅជាមួយមេរោគអេដស៍ចំនួនជាង៧ម៉ឺននាក់នៅតែជាប្រភពចម្លងដ៏សម្បូរបែប ប្រសិនបើយុវជនខ្វះព័ត៌មាន ឬ មិនខ្វល់ខ្វាយ អំពីមេរោគអេដស៍និងជំងឺអេដស៍ បុរសជាប្តីមិនស្មោះត្រង់ជាមួយប្រពន្ធ និងខ្វះការប្រុងប្រយ័ត្ន មិនប្រើប្រាស់ស្រោមអនាម័យកាពារជំងឺអេដស៍ពេលដែលមានដៃគូររួមភេទច្រើន ជាសង្សា ឫជាកំណាន់ និងគួរអោយបារម្ភជានិច្ច។ ប្រសិនបើអ្នករស់នៅជាមួយមេរោគអេដស៍ នៅតែមិនដឹងថាខ្លួនៗកំពុងផ្ទុកមេរោគអេដស៍ ហើយចម្លងបន្តទៅប្រពន្ធឬប្តី ពីម្តាយទៅកូន ពីសង្សាមួយទៅសង្សាមួយ ពីកំណាន់មួយទៅកំណាន់មួយ ឬ អ្នកបម្រើសេវាកំសាន្តសប្បាយចម្លងពីអតិថិជនមួយទៅមួយ ហើយក្រុមអ្នកសេពគ្រឿងញៀនមួយចម្លងទៅក្រុមអ្នកសេពគ្រឿងញៀនមួយផ្សេងទៀត ឬ ក៏អ្នកដែលបានធ្វើតេស្តដឹងខ្លួនថា បានឆ្លងមេរោគអេដស៍ តែមានចេតនាចម្លងទៅអ្នកដទៃផ្សេងទៀត ការប្រយុទ្ធនិងឆ្លើយតបទៅនឹងមេរោគអេដស៍របស់យើងនៅតែស្ថិតក្នុងភាព ស្មុគស្មាញជាដរាប។
យើងចាំបាច់ត្រូវតែទប់ស្កាត់ការឆ្លងរាលដាលមេរោគអេដស៍អោយខាងតែបាន ដើម្បីកុំអោយបញ្ហាជំងឺអេដស៍ក្លាយទៅជាបន្ទុក និងរារាំងដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់យើងទាំងអស់គ្នា និងដល់កូនចៅយើងទាំងអស់គ្នា។ កាត់បន្ថយអោយបានកាន់តែឆាប់រហ័ស កាន់តែប្រសើរ ព្រោះថាជំនួយពីខាងពីក្រៅ ជំនួយពីមូលនិធិសកលជាចំបង ដែលបានជួយកម្ពុជាយើងនោះ កំពុងតែត្រូវបានកាត់បន្ថយយ៉ាងច្រើនជាបន្តបន្ទាប់។ ដូចនេះបន្ទុកព្យាបាល ថែទាំ នឹងក្លាយជាបន្ទុករបស់ជាតិ ។
ជាមួយធនធានហិរញ្ញវត្ថុកំពុងត្រូវបានកាត់បន្ថយនិងសំរេចទិសដៅបីសូន្យ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវតែធ្វើការដឹកនាំសម្របសម្រួល ការប្រយុទ្ធ និង ឆ្លើយតបទៅនឹងជំងឺអេដស៍ ដោយ (១) ពង្រឹងភាពជាម្ចាស់ការ (២) មាននិរន្តរភាពកម្មវិធី (៣) ការផ្លាស់ប្តូរគំរូ និងយន្តការឆ្លើយតប (៤) ផ្លាស់ប្តូរគំនិតពីការចំណាយប្រយុទ្ធនឹងជំងឺអេដស៍ ទៅជាការវិនិយោគក្នុងការឆ្លើយតបទៅនឹងជំងឺអេដស៍ (៥) ការធានាអោយមានភាពស៊ីសង្វាក់ រវាងគោលនយោបាយការចលនាធនធាន ការរៀបចំយន្តការថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ការតាមដាន និងវាយតំលៃ។
អង្គប្រជុំពេញអង្គក៏បានពិគ្រោះពិភាក្សា សំរេចអនុម័តកំណត់ទិសដៅផែនការយុទ្ធសាស្រ្តជាតិទី៤ទាំងអស់គ្នាសំរាប់រយៈពេល០៥ឆ្នាំខាងមុខគឺពីឆ្នាំ២០១៦ ដល់២០២០ដើម្បី ឈានទៅសម្រេច សូចនាកគោលដៅ ៩០-៩០-៩០៖
- ៩០% នៃអ្នកផ្ទុកមេរោគអេដស៍នឹងដឹងថាស្ថានភាពផ្ទុកមេរោគអេដស៍របស់ខ្លួន
- ៩០% នៃមនុស្សដែលបានធ្វើរោគវិនិច្ឆ័យឃើញថាមានផ្ទុកមេរោគអេដស៍ បានទទួលការព្យាបាលដោយថ្នាំប្រឆាំងវីរុសប្រកបដោយចីរភាព
- ៩០% នៃអ្នករស់នៅជាមួយមេរោគអេដស៍ បានទទួលការព្យាបាលដោយថ្នាំប្រឆាំងវីរុសនឹងគ្មានវីរុស នៅឆ្នាំ ២០២០ ។
ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានរំលឹកអោយស្ថាប័ន ក្រសួង ដៃគូរអភិវឌ្ឍន៍ និងសង្គមស៊ីវិល ជួយបន្តសហការ អនុវត្តគោលនយោបាយ៧ចំណុច របស់រាជរដ្ឋាភិបាលដើម្បីប្រយុទ្ធនឹងជំងឺអេដស៍ អោយកាន់តែមានប្រសិទ្ធភាពខ្ពស់ និងទទួលបានជោគជ័យ បន្ថែមទៀត។
ឯកសារសម្រាប់ទាញយក