ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញចុះពិនិត្យការផ្តល់សេវាបង្កា និងព្យាបាលជំងឺអេដស៍នៅគ្លីនិកឈូកស

នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញចុះពិនិត្យការងារផ្តល់សេវាបង្កា និងព្យាបាលជំងឺអេដស៍ ផ្តល់ដោយ គ្លីនិកឈូកសរបស់គំរោង FHI និង អង្គការខាណា (KHANA) ក្រោមជំនួយឧបត្ថម្ភរបស់ទីភ្នាក់ងារអភិវឌ្ឍអន្តរជាតិរបស់សហរដ្ឋអាមេរិក និង មូលនិធិប្រធានាធិបតីសហរដ្ឋអាមេរិក សំរាប់គំរោងសកម្មភាពបន្ទាន់ប្រយុទ្ធនឹងជំងឺអេដស៍ ផេបហ្វា (PEPFAR: President’s Emergency Plan for AIDS relief)។
សេវាបង្ការ និងព្យាបាល ដែល គ្លីនិកឈូកស បាននិងកំពុងផ្តល់អោយនេះ គឺត្រូវបានគិតគូផ្តល់ជាពិសេសជូនដល់បងប្អូនដែលប្រឈមខ្ពស់ទៅនឹងការឆ្លងមេរោគអេដស៍នៅរាជធានីភ្នំពេញ គឺអ្នកដែលធ្លាប់ ឬ ធ្វើការងារសេវានៅកំសាន្តសប្បាយ អ្នករកស៊ីផ្តល់សេវាផ្លូវភេទ អ្នកសេពគ្រឿងញៀន ក្រុមបុរសស្រឡាញ់បុរស ដោយលើកទឹកចិត្ត និងជំរុញការមកទទួលសេវាតាមរយៈបណ្តាញអតិថិជន ដែលបាននិងកំពុងទទួលសេវា ពីអតិថិជនមួយទៅអតិថិជនបន្តបន្ទាប់សំរបសំរួលដោយអង្គការសហគមន៍ ដែលធ្វើការងារផ្ទាល់ ជាមួយក្រុមប្រជាជនប្រឈមនឹងការឆ្លងជំងឺអេដស៍ខ្ពស់។ សេវាដែលផ្តល់ដោយគំរោងសុខភាពនេះ ជាសេវាសុខភាពពិសេសទូលំទូលាយ ប្រភេទសមារណកម្មសេវាដែលរួមមានការផ្តល់សេវាប្រឹក្សា និង ពិនិត្យឈាមរកមេរោគអេដស៍ ពិនិត្យព្យាបាលជំងឺកាមរោគ ផ្តល់សេវាសុខភាពបន្តពូជ ពិនិត្យបន្ទុកមេរោគអេដស៍ (Virus Load) ផ្តល់ថ្នាំងបង្កា និងព្យាបាលជំងឺអេដស៍ ក្នុងនោះមានការផ្តល់ថ្នាំប្រឆាំងមេរោគអេដស៍ ដោយមិនយកកំរៃសេវាឡើយ។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានជួបសំណេះសំណាលសួរសុខទុក្ខអ្នកជំងឺដោយផ្ទាល់ និងការទទួលសេវាសុខភាពដែលពួកគាត់បានទទួល ដំណើរការផ្តល់សេវាដោយមន្រ្តី ជំនាញសុខាភិបាល និងថ្នាក់ដឹកនាំគ្លីនិក និងគំរោងថែទាំ សុខភាពរបស់អង្គការខាណា ដើម្បីបានដឹងពីបទពិសោធន៍ ការលំបាក លទ្ធផលដែលទទួលបាន និង លទ្ធភាពដែល អាចពង្រីក ដកស្រង់បទពិសោធន៍ល្អៗដែលអាច យកមកអនុវត្តនៅតាមស្ថាប័ន សុខាភិបាលសាធារណៈ ដូចជា មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក មន្ទីរពេទ្យជាតិ និង ថ្លឹងថ្លែងអំពីនិរន្តភាពនៃការចំណាយធនធាន សំរាប់ឆ្នាំខាងមុខៗក្នុងស្ថានភាពជំនួយ ហិរញ្ញវត្ថុពីខាងក្រៅប្រទេសត្រូវបានកាត់បន្ថយ។ បើទោះយ៉ាងនេះក្តី រាជរដ្ឋាភិបាល អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ នៅតែប្តេជ្ញា ចិត្តខ្ពស់គឺ បានកំណត់គោលដៅដ៏ធំធេង គឺកាត់បន្ថយ ករណីឆ្លងថ្មីអោយធ្លាក់ដល់ចំនួន សូន្យ គឺគ្មានការឆ្លងថ្មីទៀតឡើយចាប់ពីឆ្នាំ២០២០ខាងមុខ ដែលនេះជាមហិច្ឆតា និង គោលដៅយ៉ាងមុតមាំរបស់ រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធនឹងជំងឺអេដស៍របស់ព្រះរាជាណាចក្រកម្ពុជាយើង។
ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានឆ្លើយបំភ្លឺតបទៅនឹងសំនួរអ្នកសារព៌តមាន ដែលបាន សួរអំពីករណី ឃុំរការ ស្រុកសង្កែ ខេត្តបាត់ដំបង ថាករណីឆ្លងរាលដាលច្រើននៅក្នុង ឃុំរកាគឺជាកំហុស និងកង្វះខាតបច្ចេកទេស របស់បុគ្គលពេទ្យផ្តល់សេវាឯកជនផ្ទាល់ វាមិនមែនជាករណីអ្វីផ្សេងដូចមតិមហាជនមួយចំនួនតូចបានលើកឡើងនោះទេ ហើយ រាជរដ្ឋាភិបាល គ្រប់ស្ថាប័នទាំងអស់ តាំងពីថ្នាក់ជាតិ រហូតដល់មូលដ្ឋាន បាននិងកំពុង យកចិត្តទុកដាក់ ជួយឧបត្ថម្ភគាំពា ផ្តល់សេវាសំខាន់ៗចាំបាច់ទាំងឡាយ មិនត្រឹមតែសេវាសុខាភិបាល សេវាការពារ និងព្យាបាលដែលបាននិងកំពុងសាងសង់នៅទីតាំងមូលដ្ឋាន ផ្ទាល់ប៉ុណ្ណោះទេ សេវាគាំទ្រសង្គម ការកសាងផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធ គាំពារផ្លូវចិត្ត ការផ្តល់ជំនួយឧបត្ថម្ភជាបន្តបន្ទាប់រួមទាំងជំនួយលើកកំពស់ជីវភាពរស់នៅដល់ក្រុមគ្រួសារងគ្រោះផងដែរ ហើយបាននិងកំពុងចាត់វិធានការរិតបណ្តឹងគុណភាពសេវាសុខាភិបាល ឯកជន ដើម្បីធានាថា ករណីផ្សេងថ្មីណាមួយទៀតនឹងមិនអាចកើតមានបានដូចជាឃុំរការ ទៀតឡើយ។