
នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥ នៅទីស្នាក់ការកណ្តាលអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានទទួលជួប លោក Sam Plummer និង លោក ប៉ក់ គឹមជឿន ទីប្រឹក្សាបច្ចេកទេសថ្មីជួយ គណៈកម្មាធិការសម្របសម្រួលមូលនិធិសកលប្រចាំកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្រ្តី និង ជាប្រធានគណៈកម្មាធិការសម្របសម្រួលមូលនិធិសកលប្រចាំកម្ពុជាបាន គូសបញ្ជាក់អំពីកិច្ចការចំបងដែលគណៈកម្មាធិការសម្របសម្រួលមូលនិធិសកលប្រចាំកម្ពុជាប្រគល់ ជូនទីប្រឹក្សាទាំងពីររូបគឺដោះស្រាយបញ្ហាប្រាក់លើកទឹកចិត្តព្រោះថា បន្ទាប់ពីខែធ្នូឆ្នាំ២០១៧នឹងលែង មានប្រាក់លើកទឹកចិត្តផ្តល់ដោយមូលនិធិសកលជូនមន្រ្តីរដ្ឋាភិបាល ដែលចូលរួមនៅក្នុងការអនុវត្ត គំរោងកម្មវិធីមូលនិធិសកលទៀតហើយ ។ ឯកឧត្តមទេសរដ្ឋមន្រ្តីប្រធានគណៈកម្មាធិការសម្របសម្រួលមូលនិធិសាកលប្រចាំកម្ពុជា បានផ្តល់យោបល់ជូនទីប្រឹក្សាបច្ចេកទេសគួរសិក្សាពីស្ថានភាព ធនធានមនុស្សបច្ចុប្បន្ននិងផ្តល់ជាសំណើច្បាស់លាស់មួយជូនដល់គណៈកម្មាធិការសម្របសម្រួល មូលនិធិសកលប្រចាំកម្ពុជាថា តើត្រូវអនុវត្តគំរោងកម្មវិធីមូលនិធិសាកលដោយរលូនដោយរបៀបណា ជាមួយការគ្រប់គ្រងនិងបុគ្គលិកដែលត្រូវបានឧបត្ថម្ភដោយថវិការាជរដ្ឋាភិបាលប៉ុណ្ណោះ។