
កាលពីព្រឹកថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០១៥ នៅសាលសន្និសិទចតុមុខ មានប្រារព្ធទិវាពិភពលោកប្រឆាំងនឹងជំងឺអេដស៍ ក្រោមអធិបតីភាព លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ចូលរួមក្នុងអង្គពិធីនេះ មានឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្ដីក្រសួងសុខាភិបាល អនុប្រធានទីមួយនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធាន ប្រធានលេខាធិការដ្ឋាននៃគណកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍រាជធានី ខេត្តថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ព្រះសង្ឃ និងសិស្សានុសិស្ស ចំនួន៦០០នាក់។ ឯកឧត្តមទេសរដ្ឋមន្រ្ដី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងសន្ទរកថាស្វាគមន៍អង្គពិធី និងបានធ្វើរបាយការណ៍ អំពីវឌ្ឍនភាពនៃការឆ្លើយតបទៅនឹងការរីករាលដាលមេរោគអេដស៍ ព្រមទាំងសភាពការណ៍នៃការប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងបរិបទនៃការធ្លាក់ចុះនៃជំនួយក្រៅប្រទេស។ បន្ទាប់មកក៍មានអ្នកតំណាងសង្គមស៊ីវិល តំណាងបណ្ដាញអ្នកផ្ទុកមេរោគអេដស៍ និងលោកស្រី ម៉ារី អូឌី អេដម៉ុង (Marie Odile Edmond) ប្រធានអង្គការយូអ៊ិនអេដស៍ (UNAIDS) ប្រចាំប្រទេសកម្ពុជា ក៍បានថ្លែងសន្ទរកថាបង្ហាញអំពីចំណាប់អារម្មណ៍រៀងៗខ្លួន អំពីសកម្មភាព និងបញ្ហាប្រឈមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ក្នុង រយៈពេលកន្លងមក និងនៅពេលខាងមុខ។ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា បានចូលរួមអបអរសាទរជាមួយពិភពលោក ក្នុងការប្រារព្ធទិវាពិភពលោកប្រឆាំងជំងឺអេដស៍ ថ្ងៃ១ធ្នូ និងបានគួសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ក្នុងការជូយឧបត្ថមនៃការប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងនាមសម្ដេចជាប្រធានកាកបាតក្រហម និងមគ្គុទេសន៍ដ៏ឆ្នើមប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងការប្រយុទ្នឹងជំងឺអេដស៍។ លោកជំទាវឧបនាយករដ្ឋមន្រ្ដី តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានសំដែងការគាំទ្ររបស់រាជរដ្ឋាភិបាល ដែលបន្តចាត់ទុកការងារប្រយុទ្ធនឹងជំងឺអេដស៍ ជាអាទិភាពខ្ពស់ព្រមទាំងបានលើកឡើងនូវ អនុសាសន៍មួយចំនួន ដើម្បីទុកឱ្យអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍យកទៅអនុវត្តតទៅទៀត ៕
"រូបភាពថតក្នុងកំឡុងពេលកិច្ចប្រជុំ"
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |