
កាលពីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ នៅទីស្នាក់ការកណ្តាលនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្រ្តីទទួលបន្ទុក បេសកម្មពិសេស ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធាន គណៈកម្មាធិការសម្របសម្រួលមូលនិធិសកលកម្ពុជា បានអញ្ជើញជាអធិបតី និងដឹកនាំអង្គសិក្ខាសាលាអន្តរស្ថាប័ន ដើម្បីពិនិត្យ សិក្សា រៀបចំ ធ្វើផែនការផ្ទេរ កញ្ចប់ចំណាយសំរាប់ធនធានមនុស្ស នៅក្នុងគម្រោងមូលនិធិសកល មកជាបន្ទុក ចំណាយផ្ទាល់ដោយ រាជរដ្ឋាភិបាលកម្ពុជាចាប់ពីឆ្នាំ២០១៧។ សិក្ខាសាលានេះ មានការអញ្ញើញចូលរួមពីសំណាក់ ឯកឧត្តម រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ ឯកឧត្តម លោក លោកស្រី តំណាង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំអង្គភាពជំនាញ កម្មវិធីជាតិប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់ នៃក្រសួងសុខាភិបាល សមាជិក សមាជិការ នៃគណៈកម្មាធិការសម្រប សម្រួលមូលនិធិសកលកម្ពុជា ទីភ្នាក់ងារត្រួតពិនិត្យហិរញ្ញវត្ថុសម្រាប់ ការអនុវត្ត គំរោងមូលនិធិសកល និងទីប្រឹក្សាបច្ចេកទេស។ គួររំលឹកដែរថា ប្រទេសជាម្ចាស់អំណោយផ្តល់ជំនួយដល់មូលនិធិសកល បានកាត់បន្ថយ ជំនួយដល់មូលនិធិនេះ យ៉ាងច្រើនដែលធ្វើអោយប៉ះពាល់ដល់ ការឧបត្ថមគាំទ្រ គម្រោងកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់នៅ ក្នុងប្រទេសទទួលជំនួយទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជាផង។ ដោយ កង្វះខាតថវិកាជំនួយនៅឆ្នាំខាងមុខៗ មូលនិធិសកលបានស្នើអោយប្រទេស ទទួលជំនួយទាំងអស់ទទួលរ៉ាប់រងនូវចំណាយសំរាប់បុគ្គលិកទាំងអស់ ដើម្បីអាច ទទួលជំនួយគម្រោងកម្មវិធីជាបន្តទៀតពីមូលនិធិសកលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ ទាំងបី អេដស៍របេង និងគ្រុនចាញ់នៅឆ្នាំក្រោយៗទៀត។ ហេតុដូច្នេះហើយបានជាប្រទេសកម្ពុជាត្រូវ រៀបចំធ្វើផែនការទទួលយក បន្ទុកចំណាយសំរាប់បុគ្គលិកមកប្រើប្រាស់ថវិកាជាតិផ្ទាល់សំរាប់ឆ្នាំ២០១៧ និងឆ្នាំខាងមុខៗឱ្យបានមុនឆ្នាំ២០១៥នេះ។ អង្គសិក្ខាសាលាបានសិក្សា ពិនិត្យលទ្ធភាពនានា ដើម្បីផ្តល់លទ្ធភាពអោយកម្មវិធីជាតិប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់ អាចបន្តសកម្មភាព គម្រោង កម្មវិធីបន្តរជួយលុបបំបាត់ជំងឺទាំងបី និងលើកកំពស់សុខភាពប្រជាពលរដ្ឋបាន ជាបន្តទៀត។
![]() |
![]() |
![]() |
![]() |
![]() |
![]() |