
នៅរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ នៅសណ្ឋាគាសេរីភាព ក្រុងសៀមរាប ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតីភាពក្នុងឱកាសរំលឹកខួបអនុស្សាវរីលើកទី១០៥ ទិវាអន្តរជាតិនារី ០៨ មីនា។ អញ្ជើញចូលរួមនៅក្នុង ឯកឧត្តម និងលោកជំទាវ លោក លោកស្រី ជាអនុប្រធាន ទីប្រឹក្សា អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន និងមន្រ្តីទាំងអស់នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានមានមតិសំណោះសំណាលរំលឹកអំពីប្រវត្តិ និងបុព្វហេតុនៃទិវានារីជាអន្តរជាតិ និងការចូលរួមចំណែករបស់នារីនៅក្នុងសង្គមកម្ពុជាចំពោះការកសាងសង្គម សេដ្ឋកិច្ច និងអភិវឌ្ឍ លើគ្រប់វិស័យបើគ្មានការចូលរួមចំណែកដ៏សំខាន់មិនអាចខ្វះបានឡើយ។ ឯកឧត្តមបានមានប្រសាសន៍ អំពីស្រ្តីកម្ពុជាមានតួនាទីសំខាន់ណាស់ក្នុងនាមជា មាតា ភរិយា មេគ្រួសារ ជាគ្រូដ៏ជិតស្និតអប់រំបុត្រធីតា ស្រីភាគច្រើនលើសលុប ជួយគ្រួសារស្ទើតែទាំងស្រុងដាច់មុខ ផ្គត់ផ្គង់ស្បៀងអាហារ ចំអិនអាហារ គ្រប់គ្រងសេដ្ឋកិច្ចគ្រួសារ។ល។ បើទោះជាឱកាសចូលរួមរបស់នារីនៅក្នុងសង្គមមានកំរិតនៅឡើយ បើទោះជាឱកាសក្នុងការកសាងសមត្ថភាពនៅមានកំរិត តែបន្ទាប់ពីកម្ពុជាបានស្គាល់នៅសន្តិភាពពេញលេញមក ការអភិវឌ្ឍស្រ្តីកម្ពុជាមានសន្ទុះរីកចំរើនដ៏មហាខ្លាំងក្លា។ សាលារៀនបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ មហាវិទ្យាល័យ សាកលវិទ្យាល័យរីក ត្រូវបានរាជរដ្ឋាភិបាលកសាងឡើងដើម្បីបំពេញសេចក្តីត្រូវការក្នុង ការអប់រំ បណ្តុះបណ្តាលស្រ្តី បង្កើនសមត្ថភាពស្រ្តី ដែលអនុញ្ញាតិអោយស្រ្តីខ្មែរមានសមត្ថភាព និងឱកាសកាន់តែប្រសើរថែមទៀត នៅក្នុងសង្គម គឺធ្វើអោយប្រសើរឡើងនូវគម្លាតយេនឌ័រ។ ឯកឧត្តម ទេសរដ្ឋមន្រ្តី ក៏បានមានប្រសាសន៍អំពីការចូលរួមចំណែករបស់ស្រ្តីក្នុងការប្រយុទ្ធប្រឆាំងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា ព្រោះថាស្រ្តីជាជនងាយរងគ្រោះឆ្លងមេរោគអេដស៍ ហើយក៏ជាគន្លឹះដ៏មានប្រសិទ្ធភាពដែរក្នុងការបង្ការការចម្លងមេរោគអេដស៍ដែរប្រសិនបើស្រ្តីមានអំណាចសំរេចចិត្ត មានចំណេះដឹងគ្រប់គ្រាន់ បង្ការការចម្លងមេរោគអេដស៍ពីបុរស។ ជាកិច្ចបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តី បានសំដែងការកោតសរសើរដល់បងប្អូន ក្មួយៗជាស្រ្តី ដែលបានចូលរួមចំណែកក្នុងសង្គមលើគ្រប់វិស័យ និងអំពាវនាវកុំអោយមានការរើសអើងប្រឆាំងនិងស្រ្តី ហើយសូមអោយថ្នាក់ដឹកនាំ មន្រ្តីក្រោមឱវាទទាំងអស់ចូលរួមបន្តលើកកំពស់សិទ្ធិស្រ្តី និងជួយជ្រោមជ្រែងអោយស្រ្តីមាន ឱកាស មានសមត្ថភាពបំពេញការងារបានដូចបុរសដែរ។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានជូនបាច់ផ្កាជានិមិត្តរូបអបអរសាទរទិវាអន្តរជាតិ នារី៨ មីនា ជូនលោកជំទាវ ស៊ឹម ខេងខាំ អនុប្រធានអាជ្ញាធរជាតិ និងជាតំណាងថ្នាក់ដឹកនាំ និងមន្រ្តីរាជការនារីនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។