
ថ្ងៃទី៨ ដល់១០ ខែមិថុនា ឆ្នាំ២០១៦ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានដឹកនាំគណ:ប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំមេដឹកនាំពិភពលោកស្តីពីជំងឺអេដស៍ នៅទីស្នាក់ការអង្គការសហប្រជាជាតិ។
មហាសន្និបាតបានអនុម័តលើសេចក្តីថ្លែងការណ៍នយោបាយស្តីពីមេរោគអេដស៍ និងជំងឺអេដស៍ : ការបង្កើនល្បឿនវឌ្ឍនភាពដើម្បីសម្រេចក្នុងការប្រយុទ្ធនឹងមេរោគអេដស៍ និងឈានទៅលុបបំបាត់ការរីករាលដាលមេរោគអេដស៍នៅមុនឆ្នាំ២០៣០ ។ នៅរសៀលថ្ងៃទី៨ មិថុនា ឯកឧត្តមទេសរដ្ឋមន្រ្តី បានឡើងថ្លែងសុន្ទរកថាដោយបានគូសបញ្ជាក់អំពីជោគជ័យក្នុងការប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជា នៅរយ:ពេល២៥ឆ្នាំកន្លងទៅនេះ។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានជម្រាបជូនអង្គសន្និបាតថា ជោគជ័យដែលកម្ពុជាទទួលបានគឺមិនមែនកើតឡើងដោយចៃដន្យនោះឡើយ។ ជោគជ័យនេះបានមកពីការប្តេជ្ញាចិត្តនយោបាយដ៏ខ្ពង់ខ្ពស់ រួមជាមួយនឹងកិច្ចប្រឹងប្រែងនានាពីតួអង្គសំខាន់ៗដូចជា រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការក្រៅរដ្ឋាភិបាល សង្គមស៊ីវិល វិស័យឯកជន អ្នកជំងឺអេដស៍ និងបណ្តាញក្រុមអ្នកប្រឈមមុខខ្ពស់ ដែលបានធ្វើការសម្រេចចិត្តរួមគ្នានៅគ្រប់កម្រិត ក្នុងការរៀបចំនិងអនុវត្តនូវ "គោលការណ៍បីមួយ"។ កម្ពុជាបានទទួលជោគជ័យដោយសារ កម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍បានគ្របដណ្តប់ជាង៨០%នៃក្រុមគោលដៅ។ ក្នុងនោះ សមិទ្ធផលដែលទទួលបានគឺ : អត្រាប្រេវ៉ាឡង់មេរោគអេដស៍បានបន្តធ្លាក់ចុះពី ២%នៅឆ្នាំ១៩៩៨ មកនៅ ០,៦% នៅមុនឆ្នាំ២០១៥ ប្រជាជនជាង៩០%មានការយល់ដឹងអំពីមេរោគអេដស៍និងជំងឺអេដស៍ ដែលធ្វើឱ្យពួកគេបង្ការការចម្លងរោគអេដស៍ដោយជោគជ័យ និងជាង៨០%នៃអ្នកផ្ទុកមេរោគអេដស៍និងជំងឺអេដស៍ ដែលត្រូវការឱសថប្រឆាំងមេរោគអេដស៍ ទទួលបានឱសថយ៉ាងទៀងទាត់។ ឯកឧត្តមទេសរដ្ឋមន្រ្តីុទេសរដ្ឋមន្រ្តីបានជម្រាបជូនអង្គសន្និបាតផងដែរអំពី ការប្តេជ្ញាចិត្តនយោបាយពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឈានទៅសម្រេចបាននូវគោលដៅសូន្យបី នៃគោលដៅេអភិវឌ្ឍន៍ប្រកបដោយចីរភាពដោយមិនទុកនរណាម្នាក់ចោលឡើយ។ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជានឹងបង្កើននូវកិច្ចប្រឹងប្រែងទ្វេដង ព្រមទាំងប្តេជ្ញាចិត្តក្នុងការរួមសហការជាមួយប្រទេសនានា ដើម្បីឈានទៅលុបបំបាត់ការឆ្លងរាលដាលមេរោគអេដស៍មុនឆ្នាំ២០៣០ នៅក្រោមការដឹកនាំរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ។
អញ្ជើញចូលរួមក្នុងគណ:ប្រតិភូកម្ពុជាផងដែររួមមាន : ១) ឯ.ឧ. ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំអង្គការសហប្រជាជាតិ ២) ឯ.ឧ. ហោ ប៊ុនឡេង អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ៣) ឯ.ឧ. ស៊ន ពិសិដ្ឋ ជំនួយការទេសរដ្ឋមន្រ្តី ៤) លោក ឡៅ សុខសំភារ លេខាធិការទី១ ស្ថានតំណាងអចិន្រ្តៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ ៥) លោកវេជ្ជបណ្ឌិត លី ពេញស៊ុន ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ៦) លោកស្រី ឈឹម កុលាប និង ៧) លោកស្រី ស៊ូ ស៊ីណា តំណាងសង្គមស៊ីវិលនៅកម្ពុជា។