នៅខេត្តក្រចេះ ព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពីការវាយតម្លៃសកម្មភាពមេរោគអេដស៍ របស់គណៈកម្មាធិការអេដស៍ខេត្តក្រចេះ និងអង្គការសង្គមសុីវិល។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់នៅក្នុងអង្គសិក្ខាសាលានេះ សំដៅពង្រឹងការអនុវត្តសេចក្តីជូនដំណឹងលេខ ៦៦សជណ ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ១៩៩៩ របស់រាជរដ្ឋាភិបាល ស្តីពីការលើកកម្ពស់ការប្រើប្រាស់ស្រោមអនាម័យ១០០ភាគរយ ព្រោះថានេះជាវិធានការមានប្រសិទ្ធភាពមួយ ដើម្បីកាត់បន្ថយអត្រារីករាលដាលនៃជំងឺអេដស៍។ ហើយស្ថិតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានលើកឡើងជាសំណូមពរ សុំកិច្ចសហការជាមួយស្ថាប័នសមត្ថកិច្ចនគរបាលយុត្តិធម៌ និងស្ថាប័នតុលាការ សូមកុំយកបញ្ហាស្រោមអនាម័យធ្វើជាភស្តុតាង ចោទប្រកាន់ដាក់ទម្ងន់ទោស ទៅលើការប្រព្រឹត្តអំពើបេស្យាចារ្យ និងអំពើជួញដូរមនុស្ស។ អង្គសិក្ខាសាលាបានពិភាក្សាដោយលើកឡើងអំពីការលំបាក និងបញ្ហាប្រឈម ដែលកើតមានអំពីការអនុវត្តកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ក្នុងខេត្តកន្លងមក និងស្វះស្វែងរកដំណោះស្រាយជាក់ស្តែងតាមស្ថានភាពនៅថ្នាក់ក្រោមជាតិ។
កិច្ចពិភាក្សាក៏បានលើកឡើងផងដែរថា នៅតាមក្លឹបកម្សាន្ត និងផ្ទះសំណាក់មួយចំនួន មិនហ៊ានដាក់លក់ស្រោមអនាម័យនោះទេ ដោយបារម្ភមានការភាន់ច្រលំពីកម្លាំងមានសមត្ថកិច្ចថា នៅទីតាំងនោះមានបម្រើសេវាផ្លូវភេទ ដែលច្បាប់មិនមានការអនុញ្ញាត។
ចុងក្រោយ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានបង្ហាញពីរបាយការណ៍ជោគជ័យក្នុងការកាត់បន្ថយអត្រាប្រេវ៉ាឡង់ នៃការរីរាលដាលនៃជំងឺអេដស៍និងជំងឺអេដស៍ ពី២% ក្នុងឆ្នាំ១៩៩៨ ចុះមកនៅត្រឹម០.៦% នៅក្នុងពេលបច្ចុប្បន្ននេះ ហើយតាមការប៉ាន់ប្រមាណ កម្ពុជានឹងឈានទៅលុបបំបាត់ទាំងស្រុងក្នុងការរីករាលដាលនេះ នាឆ្នាំ២០២៥ ។