រសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលមូលនិធិសកលកម្ពុជា បានអញ្ជើញជាអធិបតីភាព និងដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលមូលនិធិសកលកម្ពុជាលើកទី៣ នៃអណត្តិឆ្នាំ២០១៦-២០១៧។
សូមរំលឹកថា កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលមូលនិធិសកលកម្ពុជា គឺជាកិច្ចប្រជុំ នៃសមាជិកសមាជិកាចំរុះដែលមានពីតំណាងជ្រើសតាំងដោយក្រសួងស្ថាប័ននៃរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍ តំណាងស្ថានទូតនៃប្រទេសម្ចាស់អំណោយដែលផ្តល់មូលនិធិដល់គម្រោងមូលនិធិសាកល ប្រយុទ្ធនឹងជំងឺអេដស៍ របេង គ្រុនចាញ់ និងគម្រោងពង្រឹងប្រព័ន្ធសុខាភិបាលនៅកម្ពុជា និងក្រុមអ្នកតំណាងប្រជាជនដែលរស់នៅនិងរងការប៉ះពាល់ពី ជំងឺអេដស៍ របេង និងគ្រុនចាញ់។
កិច្ចប្រជុំពេញអង្គគណៈកម្មាធិការសម្របសម្រួលមូលនិធិសកលកម្ពុជាលើកនេះ ផ្តោតលើរបៀបវរៈដូចខាងក្រោម៖
1. បង្ហាញណែនាំ អនុប្រធាន និង សមាសភាពសមាជិកសមាជិកា នៃគណៈកម្មាធិការសម្របសម្រួលមូលនិធិសកលកម្ពុជាថ្មី
2. បទបង្ហាញស្តីអំពីវឌ្ឍភាពនៃការសម្របសម្រួលអនុវត្តគម្រោងមូលនិធិសាកលប្រយុទ្ធនឹងជំងឺរបេង គម្រោងប្រយុទ្ធនឹងជំងឺអេដស៍ គម្រោងប្រយុទ្ធនឹងជំងឺគ្រុនចាញ់ និងគម្រោងពង្រឹងប្រព័ន្ធសុខាភិបាល
3. ការធ្វើបច្ចុប្បន្នភាពស្តីពី ការសម្របសម្រួលការងារ របស់គណៈកម្មាធិការប្រតិបត្តិ នៃគណៈកម្មាធិការសម្របសម្រួលមូលនិធិសកលកម្ពុជា
4. បច្ចុប្បន្នភាពនៃកិច្ចការគ្រប់គ្រងបន្ទុកធនធានមនុស្ស និងការទូទាត់ប្រាក់ឧបត្ថម្ភលាភការ ក្នុងគម្រោងមូលនិធិសាកល
5. របាយការណ៍ និងបច្ចុប្បន្នភាពនៃការសម្របសម្រួលនៃក្រុមអ្នកតំណាងប្រជាជនរងគ្រោះ និងរងផលប៉ះពាល់ពីជំងឺរបេង អេដស៍ គ្រុនចាញ់
6. របាយការណ៍ចំណាយរបស់លេខាធិការដ្ឋាន។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សមាជិកសមាជិកា នៃគណៈកម្មាធិការសម្របសម្រួលមូលនិធិសកលកម្ពុជា ដែលបានចូលរួមនៅក្នុងប្រជុំនាពេលនេះ និងកោតសរសើរដល់ការចូលរួម ការគាំទ្រ នៅក្នុងកិច្ចការសម្របសម្រួលគម្រោងដ៏ច្រើនលើសលុបនៃគម្រោងប្រយុទ្ធនឹងជំងឺទាំងបី នៅក្នុងយន្តការសម្របសម្រួលយន្តការគ្រប់គ្រង ការប្រយុទ្ធនិង ឆ្លើយតបទៅនឹងជំងឺទាំងបី ដែលបានចូលរួមកាត់បន្ថយការឈឺ និងស្លាប់របស់ពលរដ្ឋកម្ពុជា។
នៅក្នុងកិច្ចប្រជុំ ក៏ដូចជំនួបប្រជុំជាមួយបណ្តាថ្នាក់ដឹកនាំប្រទេសផ្តល់ជំនួយ និង ថ្នាក់ដឹកនាំមូលនិធិសាកលកន្លងមក ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្នើសុំប្រទេសម្ចាស់អំណោយ និងមូលនិធិសាកល ព្យាយាមបន្តជំនួយដល់កម្ពុជាបន្តទៀត កុំកាត់បន្ថយមូលនិធិជំនួយច្រើនពេក ដើម្បីកុំឲ្យជោគជ័យ និងសកម្មភាពប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់ រងហានិភ័យ ដោយសារមូលនិធិប្រយុទ្ធនឹងជំងឺទាំងបីធ្លាក់ចុះ។