កាលពីថ្ងៃទី១៥ ខែ សីហា ឆ្នាំ២០១៦ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ និងអាជ្ញាធរជាតិប្រយុទ្ធនឹងំជងឺអេដស៍ បានរៀបចំកិច្ចប្រជុំជាមួយផ្នែកពាក់ព័ន្ធសំខាន់ៗ ដើម្បីពិភាក្សាអំពីភាពខុសគ្នារវាងការប៉ាន់ស្មាន ដោយវិធីសាស្រ្តស្រាវជ្រាវប៉ាន់ស្មាននៃការចម្លងមេរោគអេដស៍ អាស៊ីឆ្នាំ២០១៥ និង ការប៉ាន់ស្មានអំពីបន្ទុកជម្ងឺសាកល១៩៨០-២០១៥។ ក្រៅពីវត្តមានរបស់មន្រ្តីមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ និងអាជ្ញាធរជាតិប្រយុទ្ធនឹងំជងឺអេដស៍ មានសមាជិកនៃក្រុមការងារបច្ចេកទេសព័ត៌មានយុទ្ធសាស្រ្ត ពីអង្គការ UNAIDS អង្គការសុខភាពពិភពលោក គម្រោងបន្ទាន់ប្រយុទ្ធនឹងជម្ងឺរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក តំណាងនៃមជ្ឈមណ្ឌលប្រយុទ្ធ និងការពារជម្ងឺរបស់សហរដ្ឋអាមេរិក (CDC) ក៏បានចូលរួមផងនោះផង។ សមាជិកនៃអង្គប្រជុំ បានពិនិត្យសិក្សាឡើងវិញ នូវទិន្នន័យ និងវិធីសាស្រ្ត នៃការប៉ាន់ស្មានរបស់ទស្សនាវដ្តីវិទ្យាសាស្រ្ត ឡែនសេត (Lancet) បោះពុម្ពផ្សាយក្នុងឆ្នាំ២០១៦ ដែលបានសិក្សាប៉ាន់ប្រមាណជា កំរិតសាកល តំបន់ និង កំរិតប្រទេស និង អត្រាឆ្លងក្នុងចំណោមប្រជាជនទូទៅ ករណីឆ្លងថ្មី អត្រាស្លាប់ ដោយមេរោគអេដស៍ ពីឆ្នាំ១៩៨០ ដល់ ឆ្នាំ២០១៥ និង ឯកសារសិក្សាប៉ាន់ស្មាន និង ព្យាករណ៍តាមរដ្ឋបាលថ្នាក់ក្រោមជាតិដោយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ និងអង្គការ UNAIDS ក្នុងឆ្នាំ២០១៦នេះ។ អង្គប្រជុំមានចំណាប់អារម្មណ៍ជាខ្លាំងថា ការសិក្សាប៉ាន់ប្រមាណដោយក្រុមសិក្សាស្រាវជ្រាវនៃបន្ទុកជម្ងឺសាកល ដែលបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តីវិទ្យាសាស្រ្តឡែនសេត (Lancet) ដែលមើលឃើញថា ករីណីឆ្លងថ្មីកំពុងកើនឡើង ហើយការគ្របដណ្តប់នៃការព្យាបាលឱសថប្រឆាំងមេរោគអេដស៍ មានកំរិតទាបនៅកម្ពុជានោះ វាពុំសមស្របជាមួយស្ថានភាពឆ្លងរាលដាលមេរោគអេដស៍ និងការឆ្លើយតបជាមួយមេរោគអេដស៍ និង ជម្ងឺអេដស៍នៅកម្ពុជានាពេលបច្ចុប្បន្នឡើយ។ លើសពីនេះ អង្គប្រជុំមានអារម្មណ៍ថា អត្រាស្លាប់នៅប្រទេសថៃ មិនអាចធ្វើជាតំណាងអោយប្រទេសកម្ពុជាបានឡើយដោយហេតុថា ប្រទេសទាំងពីមានសន្ទស្សន៍ ស្ថានភាពសេដ្ឋកិច្ចសង្គម និងហេដ្ឋារចនាសម្ព័ន្ធ ខុសគ្នាយ៉ាងខ្លាំង។ ការផ្តល់ចំណាត់ថ្នាក់កម្ពុជាជាប្រទេសកំរិត B2 (ប្រទេសដែលមានប្រព័ន្ធកត់ត្រាជាក់លាក់នោះ) ក៏ជាកង្វល់នៃកិច្ចប្រជុំ ដែលថា ការវាយតំលៃក្នុងឆ្នាំ២០១៣ បានរកឃើញថា មរណៈភាពដែលបានចុះបញ្ជីមានតិចជាង១០ភាគរយប៉ុណ្ណោះនៃការចំនួនមរណៈភាពប៉ាន់ស្មាន។ កិច្ចប្រជុំបានថ្លែងថា ទិន្នន័យដែលមានពីការធ្វើអង្កេតអំពីការថែទាំមុនសំរាល ការអង្កេតចំរុះ ជីវសាស្រ្ត និងអាកប្បកិរិយា ក្នុងចំណោមប្រជាជនរងការប៉ះពាល់ជាងគេ និងទិន្នន័យគម្រោងកម្មវិធី ស្របគ្នាជាមួយការសិក្សាប៉ាន់ស្មាននៃវិធីសាស្រ្តអាស៊ី (Spectrum AEM HIV Estimates) ដែលបានគាំទ្រថា អត្រាឆ្លងថ្មីនៅកម្ពុជាបានធ្លាក់ចុះនៅក្នុងរយៈ១០ឆ្នាំកន្លងទៅ ហើយអត្រាគ្របដណ្តប់នៃការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍មានប្រមាណ៧៥ភាគរយក្នុងឆ្នាំ២០១៥។ ដើម្បីកាត់បន្ថយការយល់ច្រឡំ ក្រសួងសុខាភិបាល គ្រោងនឹងផ្សព្វផ្សាយនៅក្នុងវេបសាយជាតិអំពី លទ្ធផលប៉ាន់ប្រមាណផ្លូវការដោយវិធីសាស្រ្តសិក្សាការឆ្លងរាលដាលអាស៊ី(Spectrum AEM HIV Estimates) ដែលអាចត្រូវបានយកទៅប្រើប្រាស់សំរាប់ព៌ណនាអំពីស្ថានភាពនៃការឆ្លងរាលដាល និង ការឆ្លើយតបទៅនឹងជំងឺអេដស៍កម្ពុជានាពេលបច្ចុប្បន្ន។