នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ នៅសណ្ឋាគារ អង្គរភោគាត្រា ក្រុងសៀមរាប ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលមូលនិធិសាកលកម្ពុជា(CCC) អញ្ជើញជាអធិបតីបើកកិច្ចប្រជុំ ក្រុមដឹកនាំគម្រោងប្រយុទ្ធនឹងការស៊ាំឱសថព្យាបាលជំងឺគ្រុនចាញ់ នៃមហាអនុតំបន់ទន្លេមេគង្គ។
គម្រោងប្រយុទ្ធនឹងភាពស៊ាំរបស់មេរោគគ្រុនចាញ់ជាមួយនឹងថ្នាំព្យាបាលគ្រុនចាញ់ អាតេមីស៊ីនីន (Artemisinin) ត្រូវបានផ្តួចផ្តើមនៅក្នុងមហាអនុតំបន់ទន្លេមេគង្គ ដើម្បីស្វែងរកដំណោះស្រាយឆ្លើយតបរួម ព្រោះថា នៅតាមតំបន់មួយចំនួននៅក្នុងប្រទេសនៃមហា អនុតំបន់ទន្លេមេគង្គ មេរោគនៃជំងឺគ្រុនចាញ់បានស៊ាំទៅនឹងឱសថព្យាបាលជំងឺគ្រុនចាញ់ ដែលជាកង្វល់នៅក្នុងផែនការលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យអស់ត្រឹមឆ្នាំ២០២០នៅកម្ពុជា ឆ្នាំ២០២៥នៅមហាអនុតំបន់ទន្លេមេគង្គ និងនៅឆ្នាំ២០៣០នៅតំបន់អាស៊ីបាស៊ីហ្វិក ហើយវាជាការគម្រាមកំហែងដល់អាយុជីវិតប្រជាជនដែលបានឆ្លងជំងឺគ្រុនចាញ់ ព្រោះថាថ្នាំ អាតេមីស៊ីនីន (Artemisinin) លែងមានប្រសិទ្ធភាពជំងឺគ្រុនចាញ់ទៀតហើយ នៅតាមតំបន់មួយចំនួន នៃប្រទេសកម្ពុជា និង ប្រទេសនៅក្នុងមហាអនុតំបន់ទន្លមេគង្គ រួមមាន ឡាវ ភូមា ថៃ និង វៀតណាម។
អញ្ចើញចូលរួមនៅក្នុងកិច្ចប្រជុំនេះ មានគណៈប្រតិភូតំណាងក្រសួងសុខាភិបាល នៃប្រទេសសមាជិកមហាអនុតំបន់ទន្លេមេគង្គ អ្នកវិទ្យាសាស្រ្ត អ្នកជំនាញសុខាភិបាលសាធារណៈ តំបន់ អន្តរជាតិ និងតំណាងមូលនិធិសាកល ដែលជាស្ថាប័នផ្តល់មូលនិធិដល់គម្រោងនេះ។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានជំរាបជូនអង្គប្រជុំថា បើទោះជាថវិកានៅកំរិត រាជរដ្ឋាភិបាលកម្ពុជាបានបង្កើនថវិកាជាតិសំរាប់វិស័យសុខាភិបាលជារៀងរាល់ឆ្នាំ ប្តេជ្ញាចិត្តក្នុងភាពជាម្ចាស់ក្នុងការក្នុងការប្រយុទ្ធនឹងជំងឺគ្រុនចាញ់ របេង និងអេដស៍ ជាឧទាហរណ៍រាជរដ្ឋាភិបាលកម្ពុជា បានបែងចែកថវិកាជាតិចំនួនប្រមាណ៣.៧លានដុល្លាអាមេរិក សម្រាប់ចូលរួមចំណែកទិញថ្នាំប្រឆាំងមេរោគអេដស៍ និង ១.៦លានដុល្លាគ្រោងទ្រទ្រង់បន្ទុកធនធានមនុស្សនៃគម្រោងមូលនិធិសាកល នៅគ្រាដែលមូលនិធិសាកលកាត់បន្ថយការគាំទ្រគម្រោងប្រយុទ្ធជំងឺទាំងបី។