នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ នៅសណ្ឋាគាកាំបូឌីយាណា ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតី ក្នុងពីធីបើកកិច្ចប្រជុំពិភាក្សាស្វែងយល់រវាងព្រះរាជាណាចក្រកម្ពុជា និង គណៈប្រតិភូនៃសាធារណៈរដ្ឋចិន លើការចូលរួមចំណែករបស់អង្គការសហគមន៍ នៅក្នុងការឆ្លើយតបទៅនឹងជំងឺអេដស៍ និងយន្តការគ្រប់គ្រង សម្របសម្រួល គាំទ្រ រវាងអង្គការសហគមន៍ជាមួយស្ថាប័ន និងអង្គភាពរបស់រដ្ឋាភិបាល។
អញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំនេះ មានមន្រ្តីជាន់ខ្ពស់ពីស្ថាប័នរដ្ឋាភិបាលប្រទេសទាំងពីរខាងព្រះរាជាណាចក្រកម្ពុជា មានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួងសុខាភិបាល ព្រមទាំងមន្រ្តីអង្គការសង្គមស៊ីវិលដែលធ្វើការងារពាក់ព័ន្ធផ្ទាល់ជាមួយការបង្ការ និងការឆ្លើយតទៅនឹងជំងឺអេដស៍ តំណាងប្រជាពលរដ្ឋដែលរស់នៅជាមួយនិងរងការប៉ះពាល់ពីជំងឺអេដស៍។
គណៈប្រតិភូសាធារណៈរដ្ឋចិន មានសមាសភាព៩ នាក់ ដឹកនាំដោយ លោក ស៊ុន ស៊ិនហួ (Sun Xinhua) អនុប្រធានក្រុមប្រឹក្សា នៃការិយាល័យបង្ការនិងប្រយុទ្ធនឹងជំងឺឆ្លង នៃគណៈកម្មាធិការជាតិសុខាភិបាលនិងផែនការគ្រួសារ។
កិច្ចសន្ទនាផ្លាស់ប្តូររវាងសាធារណៈរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា ផ្តោតជាចំបងលើយុទ្ធសាស្រ្តគាំទ្រការចូលរួមចំណែក បទពិសោធន៍ដែលរដ្ឋាភិបាលទិញសេវាពីអង្គការសហមគន៍ សេវាថែទាំ និងគាំទ្រ ដល់អ្នករស់នៅជាមួយមេរោគអេដស៍ អ្នកទទួលរងការប៉េះពាល់ដោយជំងឺអេដស៍ សេវាពិនិត្យឈាមរកមេរោគអេដស៍រហ័ស តួនាទីនិងការចូលរួមចំណែករបស់អង្គការសហគមន៍នៅគ្រប់កម្រិត ក្នុងការសម្រេចគោលដៅជាតិ ជំរុញឲ្យ៖ • ៩០% នៃអ្នកដែលបានឆ្លងមេរោគអេដស៍បានមកធ្វើតេស្តពិនិត្យឈាម • ៩០% នៃអ្នកដែលបានមកធ្វើតេស្តឈាម និងបានធ្វើរោគវិន្និច្ឆ័យថាបានឆ្លងមេរោគអេដស៍ បានទទួលការព្យាបាលដោយឱថសប្រឆាំងមេរោគអេដស៍ • ៩០% នៃអ្នកដែលបានទទួលការព្យាបាល បានកាត់បន្ថយបរិមាណមេរោគអេដស៍នៅក្នុងឈាម ឲ្យបានជាអប្បរមា។