នាព្រឹកថ្ងៃទី២៦ តុលា ២០១៦ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានដឹកនាំឯកឧត្តម លោកជំទាវ និងអស់លោកជាអនុប្រធាន អគ្គលេខាធិការ អគ្គលេខាធិការរង និងប្រធាន អនុប្រធាននាយកដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ គោរពវិញ្ញាណក្ខន្ធព្រះមហាក្សត្រថៃ ភូមិពលអតុល្យតេជ នៅស្ថានទូតព្រះរាជាណាចក្រថៃប្រចាំកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានសរសេរនៅក្នុងសាររំលែកទុក្ខថា ការចូលទិវង្គតរបស់ព្រះមហាក្សត្រ ភូមិពលអតុល្យតេជ គឺជាការបាត់បង់សម្រាប់ប្រជាជាតិថៃ។ នៅក្នុងរជ្ជកាលរបស់ព្រះអង្គ ព្រះអង្គបានធ្វើពលិកម្មអស់មួយជីវិតដើម្បីការអភិវឌ្ឍប្រទេសថៃ និងដើម្បីសុភមង្គល និងសុខមាលភាពរបស់ប្រជាជនថៃ។
នៅទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្នើសុំព្រះរាជទាននូវការរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយមហាក្សត្រីថៃ ញាតិវង្សថៃ និងប្រជាជនថៃ។