
នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានអញ្ចើញជាអធិបតីក្នុងអង្គសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ឆ្នាំ២០១៦។ ក្រោមការដឹកនាំផ្ទាល់របស់ ឯកឧត្តមទេសរដ្ឋមន្រ្តី អង្គសន្និបាត បានស្តាប់ ពិនិត្យមើលរួមគ្នា និង ជជែកពិភាក្សា ចែករំលែកលើជោគជ័យដែលរាជរដ្ឋាភិបាលបានបំពេញក្នុងកិច្ចការប្រយុទ្ធនឹងការឆ្លងរាលដាលមេរោគអេដស៍ ដោយមានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ជាស្ថាប័នដឹកនាំសម្របសម្រួលថ្នាក់ជាតិ ក្រសួងសុខាភិបាលទទួលបន្ទុកថែទាំព្យាបាល និងមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងទៀត រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ អង្គការ សង្គមស៊ីវិលបានសម្រេចសមិទ្ធផលការងារប្រយុទ្ធនឹងជំងឺអេដស៍ក្នុងឆ្នាំ២០១៦កន្លងមកនេះ និង ពិភាក្សារកដំណោះស្រាយ សំរាប់បញ្ហាប្រឈមនានា ក្នុងការលើកកំពស់គុណភាពសេវាគាំពារ កំណត់ស្ថានភាពក្រីក្ររបស់ក្រុមគ្រួសារដែលមានសមាជិករស់នៅជាមួយមេរោគអេដស៍ បង្កើនការគ្របដណ្តប់បន្ថែមទៀតសេវាថែទាំព្យាបាល បន្តជំរុញសេវាបង្ការការចម្លងមេរោគអេដស៍ ជំរុញបន្តអនុវត្តគោលនយោបាយប្រើប្រាស់ស្រោមអនាម័យ១០០ភាគរយ នៅតាមគ្រឹះស្ថានផ្តល់ សេវាកំសាន្តសប្បាយ និង ក្នុងចំណោមក្រុមប្រជាពលរដ្ឋប្រឈមមុខទៅនឹងការឆ្លងមេរោគអេដស៍ ជំរុញការពិនិត្យឈាមរកមេរោគអេដស៍ និង ឆាប់ព្យាបាល ដើម្បីកាត់បន្ថយការឆ្លងរាលដាលមេរោគអេដស៍បន្ថែមទៀត។ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានថ្លែងអំណរគុណដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិការបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋបាលរាជធានី ខេត្ត ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល ម្ចាស់ជំនួយ និង ក្រុមប្រជាពលរដ្ឋងាយរងគ្រោះពីការឆ្លងមេរោគអេដស៍ ដែលបានសហការគ្នាបានយ៉ាងជិតស្និទ្ធ និង បំពេញបន្ថែមអោយគ្នាទៅវិញទៅមក ទាំងបច្ចេកទេស យុទ្ធសាស្រ្ត គោលនយោបាយ ធនធានមនុស្ស ធនធានហិរញ្ញវត្ថុ នៅក្នុងកិច្ចការដ៍ស្មុគស្មាញសាំញ៉ាំក្នុងការប្រយុទ្ធនឹងឆ្លើយតបទៅនឹងការឆ្លងរាលដាលមេរោគអេដស៍ ដែលត្រូវប្រើប្រាស់ពេលវេលា និងការខិតខំដោយគ្មានការបន្ធូ បន្ថយដើម្បីយើងអាចឈានទៅសម្រេចគោលដៅដ៏ក្របកដោយមហិច្ឆតាលុបបំបាត់ការចម្លងមេរោគអេដស៍នៅ ឆ្នាំ២០២៥។