នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦នេះ នៅសាលសន្និសីទចតុមុខ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ដែលព្រះរាជាណាចក្រកម្ពុជាតែងតែបានប្រារព្ធជាមួយពិភពលោករំលឹកដល់ការឆ្លងរាលដាលនៃជំងឺអេដស៍ និងផលប៉ះពាល់មកលើអាយុជីវិត សុខមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា និងមកលើសង្គមសេដ្ឋកិច្ចកម្ពុជា។
អង្គពីធីនេះត្រូវបានអញ្ជើញចូលរួមពីសំណាក់តំណាងស្ថាប័នរាជរដ្ឋាភិបាល ស្ថាប័ន និតិបញ្ញាត្តិ អង្គទូតប្រចាំព្រះរាជាណាចក្រកម្ពុជា ជាពិសេសឯកឧត្តម William Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោកស្រី Marie-Odile EMOND នាយិកាអង្គការសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល តំណាងប្រជាពលរដ្ឋដែលរស់នៅជាមួយមេរោគអេដស៍ និង រងការប៉ះពាល់ដោយជំងឺអេដស៍។
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានធ្វើរបាយការណ៍សង្ខេបជូនលោកជំទាវឧបនាយករដ្ឋមន្រ្តី និង អង្គពិធីអំពីស្ថានភាពឆ្លងរាលដាលនៃមេរោគអេដស៍ និងសមិទ្ធិផលដែលព្រះរាជាណាចក្រកម្ពុជាបានសម្រេចបាន និងបញ្ហាប្រឈមនានាក្នុងការប្រយុទ្ធនឹងការឆ្លើយតបទៅនឹងការរាលដាលមេរោគអេដស៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីជូនជ្រាប និងស្នើសុំអនុសាសន៍ ដ៏ខ្ពង់ខ្ពស់ពីលោកជំទាវតំណាងប្រមុខរាជរដ្ឋាភិបាល។
លោកជំទាវឧបនាយករដ្ឋមន្ត្រី ក្នុងនាមតំណាង សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសំដែងការកោតសរសើរ អបអរសាទរ និងថ្លែងអំណរគុណ ដល់កិច្ចខិតខំប្រឹងប្រែង របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួងសុខាភិបាល ដៃគូអភិវឌ្ឍ ម្ចាស់ជំនួយជាពិសេស សហរដ្ឋអាមេរិក មូលនិធិសាកល អង្គការសង្គមស៊ីវិល បងប្អូនប្រជាពលរដ្ឋរស់នៅជាមួយមេរោគអេដស៍ ដែលបានសហការ បំពេញការខ្វះខាត និងជួយដល់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធ និងឆ្លើយតបទៅនឹងជំងឺនេះនាពេលកន្លងមក ហើយសូមលើកទឹកចិត្តក្នុងទិវាពិភពលោកប្រយុទ្ធនឹងជម្ងឺអេដស៍១ធ្នូ ឆ្ពោះទៅរកការសម្រេចបាននូវគោលដៅបញ្ឈប់ការចម្លងមេរោគអេដស៍ឆ្នាំ២០២៥ ក្រោមពាក្យស្លោកថា ឆាប់ធ្វើតេស្តឈាម ឆាប់ព្យាបាល ឆ្ពោះទៅបញ្ចប់អេដស៍ ។
លោកជំទាវឧបនាយករដ្ឋមន្ត្រី ក៏បានរំលឹកដែរថា របៀបវារៈការប្រយុទ្ធនឹងជម្ងឺអេដស៍ ឈានទៅសម្រេចបានគោលដៅបញ្ឈប់ការចម្លងមេរោគអេដស៍ឆ្នាំ២០២៥ មិនជាការងាយស្រួលនោះទេ ពិសេសក្នុងបរិបទថ្មីមួយ ក្នុងនោះយើងត្រូវបង្កើន ការយកចិត្តទុកដាក់ដោយធានាទាំងប្រសិទ្ធភាពប្រសិទ្ធិផល និងចីរភាព។
លោកជំទាវឧបនាយករដ្ឋមន្រ្តី បានគាំទ្រការប្តេជ្ញាចិត្តយ៉ាងមោះមុតរួមគ្នា និងជម្នះឲ្យបានរាល់ឧបសគ្គនានា ដែលរារាំងដល់ការធ្វើអន្តរាគមន៍របស់យើង ពិសេសលើការពង្រឹងយន្តការនៃការគ្រប់គ្រងធនធានមនុស្ស ការចលនាធនធានក្នុងស្រុក ការប្រើប្រាស់បច្ចេកវិទ្យា និងយុទ្ធវិធីថ្មីៗ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ចាប់ពីថ្នាក់ជាតិ និងថា្នក់ក្រោមជាតិ។